ឧត្តមសេនីយ៍ត្រី បោន ប៊ិន៖ មន្ត្រីអាវុធហត្ថត្រូវមានសមត្ថភាពជំនាញប្រតិបត្តិការនិងការអនុវត្តច្បាប់
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរង លោកប្រធានមន្ទីរទាំង០៧ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង០៩ អញ្ជើញជាអធិបតី ក្នុងពិធីបាញ់ស៊ីប ( គ្រាប់ពិត ) បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមសរុបចំនួន ៥៤នាក់ នៅទីលានបាញ់គ្រាប់ពិត ស្ថិតនៅបរិវេណទីបញ្ជាការកងអនុសេនាធំទី២ វរសេនាតូច ការពារអាកាស យោធភូមិភាគទី៥ (ទិសជួរមុខទី១ បន្ទាយមានជ័យ)។
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោក ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការ ស្នងការរង តំណាង លោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក វរសេនីយ៍ត្រី យ៉ែម វ៉ាន់ថា មេបញ្ជាការវរសេនាតូចការពារអាកាស យោធភូមិភាគទី៥ (ទិសជួរមុខទី១ បន្ទាយមានជ័យ)។
ថ្លែងបិទវគ្គនាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិ ន មេបញ្ជាការកងរាជអាវុហត្ថខេត្ត បន្ទាយមានជ័យ បានឱ្យដឹងថា៖ ការបើកវគ្គហ្វឹកហ្វឺននេះ ដោយទទួលបានបទបញ្ជាពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេស លោកតែងតែដាក់បទបញ្ជា ដល់អាវុធហត្ថរាជធានី-ខេត្តទាំង២៥ ក៏ដូចជាផែនការហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ ក្នុងមួយឆ្នាំត្រូវមានវគ្គហ្វឹកហ្វឺន២ដង ដើម្បីពង្រឹងសមត្ថភាពទាំងជំនាញ ទាំងប្រតិបត្តិការ ថែមទាំងបំប៉នពាក់ព័ន្ធនិងច្បាប់។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បញ្ជាក់ថា ៖ ការរៀបចំវគ្គហ្វឹកហ្វឺននេះថ្វីបើមានរយៈពេលខ្លីក៏ពិតមែនគឺនេះគ្រាន់តែជាការរំលឹកនូវមេរៀនដែលអាវុធហត្ថធ្លាប់បានរៀនសូត្រកន្លងមក ។ ដោយហ្វឹកហ្វឺននេះគឺជាវគ្គហ្វឹកហ្វឺនប្រចាំឆមាស២ ដែលមានរយៈពេលខ្លីតែ២សប្តាហ៍ តែប៉ុណ្ណោះ ដោយមាន ១-ការបាញ់គ្រាប់ពិត , ២-មេរៀនប្រឆាំងភេរវកម្ម វៃលុកអគារ រំដោះចំណាប់ខ្មាំង និងទី៣ ពាក់ព័ន្ធ ផ្នែកច្បាប់ ដោយមានការចូលរួមបង្រៀនពីស្ថាប័នតុលាការខេត្តផងដែរ។ មួយវិញទៀតក៏សូមថ្លែងនូវការកោតសរសើរដល់សិក្ខាកាមតាំងអស់ដែលបានខិតខំហ្វឹកហាត់និងក្រេបជញ្ជក់នូវចំណេះដឹងពីគ្រូយោធាចារ្យដើម្បីបង្កើនចំណេះដឹងរបស់ខ្លួននិងថ្លែងអំណរគុណដល់គ្រូយោធាចារ្យដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀននូវចំណេះជំនាញដល់សិក្ខាកាមផងដែរ ។
សូមបញ្ជាក់ផងដែរថា ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិត អាវុធហត្ថដែលទទួលបានចំណាត់ថ្នាក់ខ្ពស់លេខ១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឧបត្ថម្ភ ថវិកាលើកទឹកចិត្ត ៥០ម៉ឺនរៀល ,លេខ២ ទទួលបានថវិកា៣០ម៉ឺនរៀល , លេខ៣ ទទួលបានថវិកា២០ម៉ឺនរៀលនិងអ្នកមិនជាប់ចំណាត់ថ្នាក់សោះចំនួន១០ម៉ឺនរៀលផងដែរ ។ ដោយឡែកគ្រូយោធាចារ្យ ចំនួន៦រូប លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានឧបត្ថម្ភ ថវិកាក្នុងម្នាក់ ៣០ម៉ឺនរៀល ផងដែរ៕