ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ សព ឧបាសក ខាន់ ឆាយ ដែលត្រូវជាឪពុកបង្កើត លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ
ភ្នំពេញ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នារសៀលថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំគណប្រតិភូថ្នាក់ដឹកនាំ រដ្ឋបាលខេត្តតាកែវ មាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងស្នងការនគរបាលខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត តំណាងបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត និងមន្រ្តីរាជការចំណុះរដ្ឋបាល បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសព ឧបាសក ខាន់ ឆាយ ដែលទទួលមរណភាព នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវេលាម៉ោង ០៩:២០នាទី ដោយរោគាពាធ ក្នុងជន្មាយុជាង ៨០ឆ្នាំ ស្ថិតនៅគេហដ្ឋានភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត តំណាងគណៈប្រតិភូរដ្ឋបាលខេត្ត សូមសម្តែងនូវអារម្មណ៍ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្តឥតឧបមា និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ ឧបាសក ខាន់ ឆាយ ដែលជាស្វាមី ជាឪពុក និងជាជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ និងជាការបាត់បង់នូវអាជ្ញាធរមូលដ្ឋាន ដែលជាបុគ្គលដ៏ឆ្នើមមួយរូប ធ្លាប់បានតស៊ូយ៉ាងស្វិតស្វាញ ដោយលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបុព្វហេតុជាតិ និងប្រជាជននៅក្នុងមូលដ្ឋាន។
ជាការឆ្លើយតប លោក ខាន់ សុខា អភិបាលរងខេត្ត តំណាងគ្រួសារសព ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមពិធីបុណ្យសពព្រមទាំងសូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់ ឯកឧត្តម លោកជំទាវ និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជម្នៈគ្រប់ភារកិច្ច។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានធ្វើការគោរពវិញ្ញាណក្ខន្ធសព ឧបាសក ខាន់ ឆាយ និងឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខ័ន្ធសព ឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងប្រគល់សារលិខិតចូលរួមរំលែកមរណទុក្ខ របស់រដ្ឋបាលខេត្ត ជូនចំពោះក្រុមគ្រួសារនៃសពផងដែរ ៕