សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា ដំណាក់កាលនេះ ត្រូវពង្រឹង ជាជាងការពង្រីក
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា អាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលនេះ គឺត្រូវពង្រឹង ជាជាងការពង្រីក ហើយការពង្រឹងនូវសេវា និងលទ្ធផល ត្រូវផ្តោតទៅលើមូលដ្ឋាន។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នាព្រឹកថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការបន្តកំណែទម្រងវិមជ្ឈការ និងវិសហមជ្ឈការ ដែលយើងបានធ្វើដោយជោគជ័យជាច្រើនឆ្នាំកន្លងមកនេះ ការកែទម្រងនេះ នៅតែបន្តមានសារៈសំខាន់ ហើយយើងគ្រប់គ្នា ត្រូវបន្តអនុវត្ត ទៅលើកិច្ចការងារនេះ។
សម្តេចធិបតី បញ្ជាក់ថា “ខ្ញុំសូមចំណាប់អារម្មណ៍បន្ថែមបន្តិច រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈ គឺដំណាក់កាល ក្នុងការពង្រឹង ជាជាងការពង្រីក ហើយការពង្រឹងនេះ គឺការពង្រឹងនូវសេវា និងលទ្ធផលផ្តោតទៅលើមូលដ្ឋាន ដែលរាជរដ្ឋាភិបាលដាក់ចេញ គោលនយោបាយអទិភាពបន្ទាន់៦ចំណុច បូកជាមួយនឹង វិធានគន្លឹះ៥ចំណុច បន្ថែមទៅលើយុទ្ធសាស្ត្រ គោលនយោបាយផ្សេងៗ ដែលយើងមាននៅក្នុងយុទ្ធសាស្ត្រ បញ្ញកោណ អាណត្តិនេះ គឺផ្តោតទៅលើការជំរុញ និងការពង្រឹងនូវការផ្តល់សេវា នៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម ហើយជាពិសេសសេវារដ្ឋបាល នៅមូលដ្ឋាន ដូច្នេះគឺទាមទារនៅក្នុងការ បង្កើនលទ្ធភាពរបស់មូលដ្ឋាន ក្នុងការដោះស្រាយ ចឹងវិមជ្ឈការ និងវិសហមជ្ឈការនេះ ដែលយើងបានជាច្រើនអាណត្តិមក គឺត្រូវតែបន្ត នឹងត្រូវតែបន្តសម្រួចធ្វើយ៉ាងណា ឱ្យបានកាន់តែមានប្រសិទ្ធភាព”។
សម្តេចធិបតី បន្ថែមទៀតថា កិច្ចការទាំងអស់នេះ មិនទាន់ចប់ទេ នៅបន្តធ្វើទៀត ហើយអាណត្តិទី៧នេះ នៅបន្តជំរុញបន្ថែម ដើម្បីពង្រឹងបន្ថែមនូវយន្តការ ដែលមានស្រាប់ និងពង្រឹងបន្ថែមនូវការផ្ទេរអំណាច ប្រតិភូកម្មអំណាច ទៅដល់ថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាពង្រាយសេវាឱ្យឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើន និងការកើនឡើងនូវចំនួនពលរដ្ឋ ដែលអាចនឹងដល់២០លាននាក់នាពេលខាងមុខ៕