នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជួបប្រជុំទ្វេភាគីជាមួយមេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ដែលកំពុងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ សមភាគីទាំងពីរបានបង្ហាញនូវមោទកភាពចំពោះទំនាក់ទំនងក្នុងប្រវត្តិសាស្ត្រ ជាង ២,០០០ឆ្នាំ រវាងកម្ពុជា-ចិន ក៏ដូចជាការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៨ ដែលជាស្នាព្រះហស្ថ និងស្នាដៃដ៏ឧត្ដុង្គឧត្តមខ្ពង់ខ្ពស់បំផុតរបស់ ព្រះបរមរតនៈកោដ្ឋ និងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ ដែលត្រូវ បានពូនជ្រុំដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺកម្ពុជានៅតែបន្តផ្តល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយមិត្តចិន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយគោលនយោបាយមេត្រីភាពចំពោះមិត្តចិន នឹងមិនប្រែប្រួលឡើយ គឺនៅតែដើរតាមបន្ទាត់ នយោបាយ និងគោលគំនិតដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន គឺគោរពនូវគោល នយោបាយចិនតែមួយ – បន្តពង្រឹងនូវសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្តកសាង សហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តអនុវត្តនូវ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈវមីង (LI QIAOMING) ក៏បានថ្លែងនូវអំណរគុណជូនដល់ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ដែលបានបន្តផ្ដល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយមិត្តចិន និងគោរពនូវគោលនយោបាយចិនតែមួយ។
ឯកឧត្តម ក៏បានថ្លែងការកោតសរសើរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព រួមជាមួយជោគជ័យរបស់កម្ពុជា ទទួលបានទាំងក្នុងជាតិ និងលើឆាកអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រិត្តិការណ៍ធំៗ ជាពិសេសលទ្ធផលដ៏ត្រចះត្រចង់នៃការបោះឆ្នោតសកល ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានតម្លាភាព ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាធរមាន។ ឯកឧត្តម ក៏បានចូល រួមអបអរសាទរ ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ក្នុងឱកាសខួបលើកទី៧០ បុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០២៣។
ចំពោះកិច្ចសហប្រតិបត្តិការយោធា សមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំបណ្ដុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្ដល់ជំនួយឧបត្ថម្ភផ្នែកសម្ភារ ជាដើម ។ និងព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បន្តសហការរួមគ្នាបន្តអនុវត្តផែនការស្របតាមស្មារតី MOU ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ មិត្តភាពជាប្រពៃណី និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់។
ដើម្បីចូលរួមចំណែកក្នុងការគាំទ្រដល់ដំណើការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងយូរអង្វែង ព្រមទាំងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ជាតិ និងប្រជាជនទាំងពីរ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានឯកភាពគោលគំនិតកិច្ចសហប្រតិបត្តិការ ចំនួន ០៣ ៖
(១) កសាងកងទ័ពជើងគោក ដែលរឹងមាំជាមួយគ្នា (២) កសាងកងទ័ពជើងគោក ដែលរីកចម្រើន និងវិបុលភាពជាមួយគ្នា (៣) កសាងកងទ័ពជើងគោក ដែលប្រកបដោយមេត្រីភាពជាមួយគ្នា ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ លី ឈវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើក ទី១ ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងកងទ័ពជើងគោកប្រទេសទាំងពីរ ដែលការណ៍នេះនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យ កាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ ៕