នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញបើកសិក្ខាសាលាដកពិសោធន៍ លើការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ទិសយោធភូមិភាគ៣
ភ្នំពេញ៖ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារសម្របសម្រួលសម្ព័ន្ធមេត្រីភាព រវាងកងយោធពលខេមរភូមិន្ទ ជាមួយអង្គភាពស្ថាប័ន ស៊ីវិល បានរៀបចំសិក្ខាសាលាដកពិសោធន៍ លើការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ទិសយោធភូមិភាគ៣ ពិធីបើកក្រោម អធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ក្រោម ប្រធានបទ”សម្ព័ន្ធមេត្រីភាពរួមចំណែកការពារជាតិដើម្បីសន្តិភាព និងអភិវឌ្ឍ”។ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំអង្គភាពស្ថាប័នស៊ីវិល ក្រុមហ៊ុនដៃគូសម្ព័ន្ធមេត្រីភាព មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន ។
សិក្ខាសាលារៀបចំឡើងផ្តោតលើទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៣ចំណុច÷
១.ការបង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាព បម្រើទស្សនៈវិស័យយូរអង្វែង ដូចជាការស្ថាបនា សំណង់អគារ លេណដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា
២.រួមគ្នាជាមួយដៃគូសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ សហការផ្ដួចផ្ដើមគម្រោងអភិវឌ្ឍន៍ ដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខមាលភាពយោធិនគ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍។
៣.បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដល់យោធិនគ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍។
បន្ទាប់ពីបានប្រារព្ធពិធីបើកអង្គសិក្ខាសាលា សិក្ខាសាលាបានធ្វើការពិភាក្សា ដឹកនាំដោយ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាព ខភម ជាមួយស្ថាប័ន អង្គភាព ស៊ីវិល ។