ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករជិត ២មុឺននាក់ នៅស្រុកព្រៃនប់
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥,១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣០ ដែលមានមូលដ្ឋាឆនក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រោងចក្រ សហគ្រាសទាំង ៣០នេះ មានដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ចំនួន ១, រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន ១១, រោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៤, រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ចំនួន ២, រោងចក្រកេសកាតុង ចំនួន ២, រោងចក្រផលិតចំណីសត្វ ចំនួន ២, រោងចក្រផលិតថ្មម៉ាប ចំនួន ១, រោងចក្រកែច្នៃស្បែក ចំនួន ១, រោងចក្រផលិតសម្ភារការិយាល័យ ចំនួន ១, រោងចក្រដេរស្បែកជើង ចំនួន ១ រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន ១, រោងចក្រជ្រលក់ក្រណាត់ ចំនួន ១, រោងចក្រផលិតអេប៉ុង ចំនួន ១ និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន ១។
នេះ គឺជាលើកទី៩ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕