សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសន្តិភាព គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងនយោបាយការទូតត្រឹមត្រូវ ធ្វើឲ្យកម្ពុជាអភិវឌ្ឍរីកចម្រើន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កត្តាសុខសន្តិភាព គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងនយោបាយការទូតត្រឹមត្រូវ បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ។
ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤ នាក់ នៅខេត្តព្រះសីហនុ នាថ្ងៃទី៧ វិច្ឆិកាសម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបន្ដនាំផលិតផលនានាទៅកាន់តំបន់អឺរ៉ុប ទៅចិន ទៅអាហ្វ្រិក ទៅមជ្ឈឹមបូព៌ានិងទៅតំបន់អាស៊ាន ដែលនេះក៏ព្រោះតែកម្ពុជាមិនធ្វើសត្រូវជាមួយប្រទេសណាមួយឡើយ។
សម្តេចធិបតីបន្ដថា ខេត្តព្រះសីហនុត្រូវពិនិត្យដាក់ចេញនូវគោលនយោបាយផ្សេងៗ ដើម្បីទាក់ទាញវិនិយោគមកកាន់ខេត្តព្រះសីហនុបន្តទៀត ហើយយើងកំពុងធ្វើផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុនិងខេត្តជាប់សមុទ្រ ។
សម្តេចធិបតីបញ្ជាក់ថា យើងត្រូវគិតគូរជាកញ្ចប់មិនអាចគិតតែខេត្តព្រះសីហនុនោះទេ ហើយយកខេត្តបីទៀតធ្វើជាគូប្រជែងរបស់ខេត្តព្រះសីហនុនោះទេ គឺយើងអត់អាចទាញបានសក្ដានុពលនោះទេ។ ទន្ទឹមនេះ យើងយកខេត្តព្រះសីហនុរួមជាមួយខេត្តបីទៀតដើម្បីប្រកួតប្រគែងជាមួយឱ្យនឹងប្រទេសជិតខាង ហើយប្រសិនជាខេត្តព្រះសីហនុធ្វើត្រូវនោះខេត្តនេះនឹងចិញ្ចឹមសេដ្ឋកិច្ចជាតិដ៏ធំ ៕