អភិបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ខាងមុខនេះ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូកឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង-ស្រុុកទាំង៨ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សមាជិកា អនុគណៈកម្មការជាច្រេីនរូបទៀត ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានណែនាំនិងជម្រុញដល់អនុគណៈកម្មការទាំងអស់ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយលម្អិតរបស់អនុគណៈកម្មការនីមួយៗឲ្យបានច្បាស់ ដេីម្បីហិរញ្ញវត្ថុពិនិត្យលទ្ធភាពក្នុងការដោះស្រាយថវិកាឲ្យបានទាន់ពេលវេលាមុនថ្ងៃប្រារព្ធពិធីឈានចូលមកដល់។
សូមជម្រាបជូនថាពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ឆ្នាំនេះ គ្រោងរៀបចំប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍-អាទិត្យ ទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាបង្កនូវបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយផងដែរ៕