សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យរៀបចំផ្លូវដែក អាចឲ្យរត់បានល្បឿន ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរៀបចំផ្លូវដែក អាចឲ្យរត់បានល្បឿន ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតប្រមាណ ១៥,១៩៤នាក់ នៅខេត្តព្រះសីហនុ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «រឿងផ្លូវដែកដឹកទំនិញ ឥលូវផ្លូវដែករបស់យើង នាពេលបច្ចុប្បន្ន បើកបានត្រឹម៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ឥលូវយើងធ្វើយ៉ាងម្ដេច ឲ្យអាចរត់បានល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដឹកទំនិញបានមួយចំនួន» ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ឡានមួយដឹកបានតែមួយទូ ប៉ុន្ដែមួយរទះភ្លើងដឹកបានទូច្រើន ដែលមានប្រវែងពី១គីឡូ ទៅ២គីឡូដី ដែលនេះជាយុទ្ធសាស្ដ្រ ក្នុងការបង្កើនការដឹកទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
សម្ដេចធិបតីបន្ថែមថា រាជរដ្ឋាភិបាល នឹងបន្ដធ្វើហេដ្ឋារចនាសម្ព័ន្ធ ព្រោះថា ហេដ្ឋារចនាសម្ព័ន្ធ វាជួយនៅក្នុងការកាត់បន្ថយ តម្លៃដឹកជញ្ជូន និងជួយឲ្យសេដ្ឋកិច្ច មានការកើនឡើងផងដែរ ៕