ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការអនុវត្តសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ ស្ដីពីការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: និងសុត្ថិភាពសង្គម
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តប្រវេសន៍ នាព្រឹកថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការអនុវត្តសេចក្ដីណែនាំលេខ០៤៨ សណនចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្ដីពីការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: និងសុត្ថិភាពសង្គម។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម-លោកជំទាវអគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ពាក់ព័ន្ធមួយចំនួន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ព្រមទាំងអង្គប្រជុំបានពិនិត្យលេីកឯកសារសេចក្ដីព្រាងផែនការអនុវត្តសេចក្ដីណែនាំ និងបានកែសម្រួល លេីកមតិយោបល់មួយចំនួនទាក់ទងទៅនឹងបញ្ហាប្រឈម ដេីម្បីរកវិធានការដោះស្រាយ។
គោលបំណងក្នុងកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានកាន់តែប្រសើរឡើង បម្រើដល់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនានៅក្នុងសង្គម ក្រសួងមហាផ្ទៃក៏បានរំលេចនូវវិធានការមួយចំនួនពាក់ព័ន្ធដល់ការពង្រឹងការគ្រប់គ្រងជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងជនបរទេស និងចូលរួមអនុវត្តគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល គោលនយោបាយទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជាឲ្យបានច្រើន តាមរយៈការដាក់ចេញនូវលក្ខខណ្ឌ និងកាតព្វកិច្ចមួយចំនួនចំពោះជនបរទេស ដែលត្រូវបំពេញមុនពេលធ្វើដំណើរចូល អំឡុងពេលស្នាក់នៅ និងមុនពេលចាកចេញពីព្រះរាជាណាចក្រកម្ពុជា សំដៅធានារក្សាបានទាំងផលប្រយោជន៍ សន្តិសុខ សុវត្ថិភាពរបស់ជនបរទេស និងសង្គមជាតិទាំងមូល ៕