នគរបាលខណ្ឌច្បារអំពៅ ចាប់វ៉ៃខ្នោះជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅសង្កាត់ព្រែកថ្មី
ភ្នំពេញ៖ ក្រោយទទួលព័ត៌មានករណីលួចគាស់ផ្ទះ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅនោះភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ នៅម៉ោង០០និង៣០នាទី ឈានចូលថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ ប្រព្រឹត្តនៅផ្ទះលេខ៨ ផ្លូវ១១៤ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ អ៊ុយ ចាន់សុភ័ក្រ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សម្ភារៈបាត់បង់៖ ម៉ាស៊ីនត្រជាក់ ០២គ្រឿង, ម៉ាស៊ីនកំដៅម្ហូប ១គ្រឿង, ម៉ាស៊ីនឈូសទឹកកក ១គ្រឿង, ធុងហ្គាស១, កង្ហា ២គ្រឿង និងខ្សែភ្លើងមួយចំនួន។ វត្ថុតាងដកហូត៖ ដង្កាប់១ និងទួណឺវ៉ីស១ និងម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕