ស.ស.យ.ក. អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាបុណ្យឯករាជ្យជាតិ
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក. ) បានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៣ )។
សហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថា ថ្ងៃនេះ កាលពី៧០ឆ្នាំមុន គឺជាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព ឯករាជ្យភាព ភាពជាម្ចាស់ទឹកដី និងភាពជាម្ចាស់នៃជោគវាសនាជាតិខ្លួនឯង។
ក្នុងឱកាសទិវាដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស សូមសម្ដែងនូវកត្តញ្ញុតាធម៌ ដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ក្នុងព្រះរាជបូជនីយកិច្ចនាំមកនូវសន្តិភាព ការផ្សះផ្សារជាតិ ភាពចម្រុងចម្រើន និងឯករាជ្យពេញលេញជូនជាតិមាតុភូមិជាទីស្នេហានៃយើង។
ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា ក៏សូមឧទ្ទិសការដឹងគុណជូនចំពោះកងយោធពលខេមរភូមិន្ទ និងចងចាំជានិច្ចនូវ គុណូបការៈ ក៏ដូចជាគំរូវីរភាពដ៏អង់អាចក្លាហានរបស់ យុទ្ធជន យុទ្ធនារី និងវរជនស្នេហាជាតិទាំងអស់ ដែលតែងស្ថិតនៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនគ្រប់កាលៈទេសៈ លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដើម្បីភាពសុខក្សេមក្សាន្តរបស់ប្រជានុរាស្ត្រកម្ពុជាទូទាំងប្រទេស៕