ប្រមុខរាជរដ្ឋាភិបាល ដាក់បទបញ្ជាឱ្យកងទ័ពកម្ពុជា ត្រូវយកចិត្តទុកដាក់បន្ថែមលើការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យកងទ័ពកម្ពុជា ត្រូវយកចិត្តទុកដាក់បន្ថែមលើការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារជាតិ និងប្រយុទ្ធប្រឆាំងនឹងក្រុមភារវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ដែលមានទីតាំងស្ថិតនៅ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ការធ្វើទំនើបកម្មទ័ពពិសេស គឺផ្ដោតលើការធ្វើទំនើបកម្មចំនួន ៣ យ៉ាង ក្នុងនោះ មានការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារៈ ឬគ្រឿងបំពាក់សម្រាប់យោធា។
សម្តេចធិបតី ក៏បានណែនាំដល់រដ្ឋមន្រ្តីក្រសួងការពារជាតិ និងអគ្គបញ្ជាការ គប្បីពិនិត្យឲ្យបានច្បាស់លាស់ចំពោះការទុកដាក់នូវសម្ភារៈយោធា និងរចនាសម្ព័ន្ធផ្នែកយោធាឲ្យបានត្រឹមត្រូវ មិនត្រូវធ្វើការឆក់កណ្តៀតបន្តទៀតនោះឡើយ ៕