នាយឧត្តមសេនីយ៍ ស ថេត៖ មន្ត្រីដែលមានសីលធម៌ និងសេចក្តីថ្លៃថ្នូរ ទៅទីណាកន្លែងណា ក៏មិនខ្វះញ្ញាតិ និងមិនខ្វះគេគោរពរាប់អានដែរ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា មន្ត្រីដែលមានសីលធម៌ និងសេចក្តីថ្លៃថ្នូរ ទៅទីណាកន្លែងណា ក៏មិនខ្វះញ្ញាតិ និងមិនខ្វះគេគោរពរាប់អានដែរ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ស ថេត បែបនេះបានធ្វើឡើងនារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍។
នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ណែនាំថា ចំពោះមន្ត្រីដែលត្រូវបានតែងតាំង និងបំពាក់ឋានន្តរស័ក្តិនាពេលនេះ ត្រូវប្តេជ្ញាចិត្តបំពេញភារកិច្ចឱ្យបានស្មោះត្រង់ និងហ្មត់ចត់បំផុតចំពោះតួនាទីដែលបានបែងចែកប្រគល់ជូន។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែម ឱ្យផ្តោតការយកចិត្តទុកលើការអនុវត្តតួនាទីរបស់ខ្លួន និងត្រូវមានភាពសហការសាមគ្គីគ្នាឱ្យបានល្អ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទើបការអនុវត្តការងារប្រចាំថ្ងៃទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវមានការបន្ទន់ឥរិយាបថគ្រប់កាលៈទេសៈជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទប្រកបដោយភាពថ្លៃថ្នូរល្អ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ត្រូវមានភាពស្មោះត្រង់នឹងវិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរជាប់ជាប្រចាំ និងត្រូវចូលរួមការពារសន្តិសុខជូនជាតិ និងប្រជាពរដ្ឋឱ្យបានល្អ ត្រូវធ្វើខ្លួនជាខ្នងបង្អែកសម្រាប់ប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា មន្ត្រីដែលមានសីលធម៌ និងសេចក្តីថ្លៃថ្នូរ ទៅទីណាកន្លែងណា ក៏មិនខ្វះញ្ញាតិ និងមិនខ្វះគេគោរពរាប់អានដែរ។
ទន្ទឹមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានរម្លឹកថា ក្រសួងមហាផ្ទៃ ក៏មានតួនាទីភារកិច្ចសំខាន់ក្នុងការងារ បង្ក្រាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន ដូច្នេះមន្ត្រីនគរបាលជាតិទាំងអស់ ដែលជាអ្នកអនុវត្តច្បាប់ ត្រូវតែយកចិត្តទុកដាក់ដោះស្រាយជាមួយបញ្ហាគ្រឿងញៀននេះឱ្យបានជាដាច់ខាត ដើម្បីធ្វើយ៉ាងណាពង្រឹងនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសការពារឱ្យបានដាច់ខាតចំពោះសន្តិភាពដែលប្រទេសកម្ពុជាកំពុងមាន ដើម្បីបង្ហាញឱ្យឃើញពីសន្តិសុខ និងសន្តិភាពនៅក្នុងកម្ពុជាទៅដល់វិនិយោគិនបរទេសនានា ដើម្បីកៀងគរវិនិយោគិនទាំងអស់នោះ មកបណ្តាក់ទុននៅប្រទេសកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលជាតិ ត្រូវរៀបចំនូវផែនការការពារ ថែរក្សាសន្តិសុខ
ក្នុងព្រឹត្តិការណ៍បុណ្យអ៊ុទូកខាងមុខ ឱ្យបានគ្រប់គោលដៅ ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ និងជាពិសេស ជាការរំពឹងទុកចំពោះទេសចរណ៍បរទេស និងមានការហូរចូលមកកាន់ប្រទេសកម្ពុជា ដូច្នេះ សមត្ថកិច្ចនគរបាលជាតិ មានតួនាទីភារកិច្ចសំខាន់ក្នុងការការពារសន្តិសុខ និងធានាការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់។
ក្រៅពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានណែនាំឱ្យមន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវទទួលលខុសត្រូវឱ្យបានខ្ពស់លើការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ ជាពិសសេ បទល្មើសបច្ចេកវិទ្យា ជាបទល្មើសមានភាពស្មុគស្មាញ។
សូមបញ្ជាក់ថា នាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ ដែលបានប្រកាសឱ្យចូលកាន់មុខតំណែងរួមមាន៖
១-ថ្នាក់អគ្គស្នងការរង ចំនួន០២រូបរួមមាន៖ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់, លោកឧត្តមសេនីយ៍ទោ សុខ លី
២-ថ្នាក់នាយការិយល័យចំនួន ០១រូបរួមមាន៖
លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន
៣-ថ្នាក់នាយរងការិយល័យចំនួន ០១រូបរួមមាន៖
លោកឧត្តមសេនីយ៍ត្រី យ៉ាំង ស៊ីងម៉ៅ
ជាមួយគ្នានោះដែរ បំពាក់ឋានន្តរស័ក្តិជូននាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ០៤រូប និងថ្នាក់ឧត្តមសេនីយ៍ទោ ១រូប រួមមាន ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន, លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ, លោកឧត្តមសេនីយ៍ទោ សុខ លី, លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ និង លោកឧត្តមសេនីយ៍ត្រី យ៉ាំង ស៊ីងម៉ៅ៕