សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍ ៥ចំណុច ដល់កងយោធពលខេមរភូមិន្ទ អនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដាក់ចេញនូវអនុសាសន៍ចំនួន ៥ចំណុច ដល់កងយោធពលខេមរភូមិន្ទទាំងអស់ អនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋាន ទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នាថ្ងៃទី១០ វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អនុសាសន៍សំខាន់ៗទាំង ៥ចំណុចនោះរួមមាន៖
ទី១.កងទ័ពត្រូវតែមានវិជ្ជាជីវៈខ្ពស់ ដាច់ខាតត្រូវស្មោះត្រង់ ចំពោះជាតិមាតុភូមិនិងប្រជាជន និងយកស្មារតីគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ, សរាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ និងបទដ្ឋានគតិយុត្តនានា, ប្រកាន់ភ្ជាប់នូវប្រពៃណីសេចក្តីថ្លៃថ្នូរ ដើម្បីជាកម្លាំងពិត ក្នុងការការពារជាតិ មាតុភូមិ និងប្រជាជន។
ទី២.គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតទៅលើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ដោយប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការនិងជំនាញ និងគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខាយោធា ព្រមទាំងគ្រឿងឧបភោគបរិភោគជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស។
ទី៣.គ្រប់អង្គភាពពង្រឹងការហ្វឹកហ្វឺន កសាងប្រភពធនធានមនុស្ស ដើម្បីបម្រើការងារការពារជាតិឱ្យមានប្រសិទ្ធភាព។
ទី៤.បានណែនាំឱ្យគ្រប់អង្គភាពទ័ពទាំងអស់ត្រៀមមធ្យោបាយ និងកម្លាំង ដើម្បីចូលរួមជួយសង្គ្រោះ ពេលមានគ្រោះមហន្តរាយណាមួយកើតឡើង។
ទី៥.អង្គភាពទ័ពទាំងអស់ត្រូវកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជាការដាំដុះ និងចិញ្ចឹមសត្វជាដើម៕