រដ្ឋមន្ត្រីការងារ ចង់ឃើញទំនាក់ទំនង កម្ពុជា-ជប៉ុន បន្តរីកចំរើន និងកាន់តែរឹងមាំ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចង់ឃើញទំនាក់ទំនងកម្ពុជានិងជប៉ុនកាន់តែរីកចម្រើន និងរឹងមាំ។
នេះបើតាមការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ត្រីនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ដោយឯកឧត្តមរដ្ឋមន្ត្រីបានសរសេរថា “សូមជូនពរឱ្យទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនបន្តរីកចំរើននិងកាន់តែរឹងមាំ”។
ការលើកឡើងនេះដែរបន្ទាប់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ និងឯកឧត្តម Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងស្ថាប័នជាច្រើនរូប បានចូលរួមពិធីបើក “មហោស្របភាពយន្តជប៉ុនលើកទី៩ នៅកម្ពុជា – The 9th Japanese Film Festival in Cambodia”ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអនភ្នំពេញ។
ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា និងជប៉ុននៅឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍មហោស្របខ្សែភាពយន្តជប៉ុនលើកទី៩នេះ បាននិងកំពុងដាក់បញ្ចាំងនៅទីក្រុងចំនួន ៥ គឺក្រុងសៀមរាប រាជធានីភ្នំពេញ ក្រុងបាត់ដំបង ក្រុងកំពង់ចាម និងក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា មហោស្របភាពយន្តជប៉ុននេះ គឺជាព្រឹត្តិការមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតជប៉ុននៅកម្ពុជា រួមគ្នារៀបចំឡើងដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ៕