សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រជីវិតលើត្បូង យាងពន្លត់ភ្លើងជ័យ នៃពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៧០
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីពន្លត់ភ្លើងជ័យ នៃពិធីបុណ្យឯករាជ្យជាតិខួបលើកទី៧០ នៅវិមានឯករាជ្យ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមដង្ហែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក្នុងពិធីដ៏មហានក្ខត្តឫក្សនេះ ដោយមានព្រះវត្តមាន វត្តមាន ឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេច ឯកឧត្តម ជាសមាជិកសមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល។
ពិធីពន្លត់ភ្លើងជ័យនាឱកាសនេះ ក៏មានវត្តមានចូលរួមពីសំណាក់ អង្គទូតបណ្តាប្រទេសនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រះរាជវង្សានុវង្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងបរិយាកាសសប្បាយរីករាយ អបអរសាទរយ៉ាងក្រៃលែង ចំពោះឯករាជ្យជាតិ សុខសន្តិភាព និងការអភិវឌ្ឍនៅ ព្រះរាជាណាចក្រកម្ពុជា ។
ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាបុណ្យឯករាជ្យជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ពិតប្រាកដជូនជាតិមាតុភូមិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ពីអាណានិគមនិយមបារាំង។
ប្រជារាស្ត្រខ្មែរគ្រប់រូប តែងតែចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រជាតិ នូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ និងគំរូព្រះវីរភាពរបស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ ៕