ប្រមុខរាជរដ្ឋាភិបាល៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រឹកនេះ បង្ហាញពីភាពបន្ទាន់និងចាំបាច់ក្នុងវិស័យសេដ្ឋកិច្ច
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ថ្ងៃនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជាទាំងមូល ដែលរាជរដ្ឋាភិបាល អាណត្តិទី ៧ បានដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សាជាថ្មី ក្នុងរយៈពេល ៤ឆ្នាំក្រោយវិបត្តិកូវីដ-១៩។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុង «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ជាមួយគ្នានេះ សម្តេចធិបតី បានបន្តថា វេទិកានេះ ក៏បានបង្ហាញពីភាពបន្ទាន់ និងចាំបាច់ក្នុងរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ ដែលយើងមានបំណងរៀបចំដំណើររួមគ្នា រវាងរាជរដ្ឋាភិបាលនិងវិស័យឯកជនតាំងពីដើមអាណត្តិ ឱ្យមានភាពស៊ីចង្វាក់គ្នា និងមានភាពសុខដុមរមនា ដើម្បីឈានទៅសម្រេចបានមហិច្ឆតារួមរបស់កម្ពុជា គឺ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ៕