ប្រមុខរាជរដ្ឋាភិបាល៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននាពេលនេះ គឺរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធុរជន វិនិយោគិន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ជាសក្ខីភាព នៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាង រដ្ឋាភិបាល ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធុរជន វិនិយោគិន។
ក្នុងឱកាសអញ្ជើញអធិបតីក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩» នៅព្រឹកថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សេដ្ឋកិច្ចជាតិ គឺជាកត្តាសំខាន់ ដែលពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋតែម្ដង រាល់សេចក្ដីសម្រេចនានា ក្នុងវេទិកានេះ គឺមានអនុភាពខ្ពស់។
សម្ដេចធិបតី បានបញ្ជាក់ថា វេទិកាថ្ងៃនេះ ក៏ជាសក្ខីភាព នៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាង រដ្ឋាភិបាល ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធូរជន វិនិយោគិន នៅក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។
សម្ដេចធិបតី បានបន្ដថា មួយវិញទៀត ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាពេលនេះ គឺជាការសន្យារបស់ សម្ដេចធិបតី បានលើកឡើងក្នុងកិច្ចប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ដ្រីនីតិកាលទី៧។ កិច្ចការងារដំបូងរបស់រាជដ្ឋាភិបាល តើអ្វីខ្លះជាកត្តាចំបាច់ អ្វីខ្លះជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ? ដូច្នេះ កិច្ចការងារនាថ្ងៃនេះ គឺជាប្រវត្តិសាស្ដ្រថ្មីមួយសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដូចជា សម្រាប់សម្ដេចផ្ទាល់ ក្នុងការដឹកនាំវេទិកាជាលើកទី១ ហើយក៏ជាលើកទី១ដែរ ក្រោយវិបត្តិកូវីដ-១៩ ក្នុងរយៈពេល ៤ឆ្នាំកន្លងទៅ ៕