សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ការអនុញ្ញាតជាគោលការណ៍ លើការតម្លើងទម្ងន់ដឹកជញ្ជូនទំនិញពី ៤០តោន ទៅ៤៥តោន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតជាគោលការណ៍ លើការតម្លើងទម្ងន់ដឹកជញ្ជូនទំនិញពី ៤០តោន ទៅ៤៥តោន ។
នាឱកាសអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ នាថ្ងៃទី១៣ វិច្ឆិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «បញ្ហាដែលស្នើមកន្លងមកគឺការសុំតម្លើងកម្រិតទម្ងន់ដឹកជញ្ជូនសរុបពី ៤០តោន ទៅ៤៥តោន ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនជាពិសេសក្នុងវិស័យកសិកម្ម ហើយពាក់ព័ន្ធបញ្ហានេះខ្ញុំក៏សុំផ្តល់ការអនុញ្ញាតជាគោលការណ៍លើការតម្លើងទម្ងន់ដឹកជញ្ជូនទំនិញពី ៤០តោន ទៅ៤៥តោន»។
ដើម្បីអនុវត្តន៍ការងារនេះឱ្យឆាប់រហ័ស សម្តេច បានសម្រេចប្រគល់ការងារមួយនេះឱ្យទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងការសិក្សាបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោង ដើម្បីកំណត់ប្រភេទរថយន្ត និងប្រភេទផ្លូវដែលអាចប្រើប្រាស់បានសម្រាប់ការតម្លើងកម្រិតទម្ងន់នេះ។
សម្តេចបន្ថែមទៀតថា ជាមួយនឹងការលើកទឹកចិត្ត និងជួយទៅដល់ការកាត់បន្ថយថ្លៃដឹកជញ្ជូន ដល់វិស័យឯកជន យើងក៏ត្រូវគិតដល់ហេដ្ឋារចនាសម្ព័ន្ធផងដែរ ដោយក្នុងនោះត្រូវចូលរួមរឹតបន្តឹងការដឹកជញ្ជូនទំនិញលើកចំនួនកំណត់នៃច្បាប់។ សម្តេចធិបតី សង្ឃឹមថា ការជួយតម្លើងការដឹកជញ្ជូនទំនិញពី ៤០តោន ទៅ៤៥តោន នឹងអាចជួយសម្រួលដល់វិស័យឯកជនបានច្រើនផងដែរ ៕