សម្តេចធិបតី ដាក់ចេញបទបញ្ជាឱ្យពង្រឹងហាមដាច់ខាតការនាំចូលម្ហូប ឬចំណីអាហារណា ដែលខូចគុណភាព ឬគុណភាពទាបមកកម្ពុជា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងឱ្យបានម៉ត់ចត់បំផុតនូវការហាមនាំចូលម្ហូប ឬចំណីអាហារណាដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនថាឡើយតែសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រូវខុសច្បាប់មកកម្ពុជា។
ក្នុងឱកាស អញ្ជើញជួបវិស័យឯកជន និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា វិស័យឯកជន បានស្នើឱ្យមានការពង្រឹងការគ្រប់គ្រងលើការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី ខុសច្បាប់ ដែលមានតម្លៃថោក និងគុណភាពទាប ដែលធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុក មិនអាចប្រកួតប្រជែងបានដោយស្មើភាព ព្រមទាំងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
ជាការឆ្លើយតប សម្តេចធិបតី នាយករដ្ឋមន្ត្រី បានជំរុញដល់មន្ត្រីពាក់ព័ន្ធយ៉ាងដូច្នេះថា៖ «ក្នុងន័យនេះ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងឱ្យបានម៉ត់ចត់ការហាមនាំចូលម្ហូប ឬចំណីអាហារណាដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនថាឡើយតែសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រូវខុសច្បាប់មកព្រះរាជាណាចក្រកម្ពុជា»។
បន្ថែមពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ត្រូវកំណត់ទ្វារព្រំដែនដែលអនុញ្ញាតឱ្យមានការនាំចូលសាច់ជ្រូក បង្កក មាន់ ស៊ុត និងត្រី ដើម្បីបង្កភាពងាយស្រួល នៅក្នុងការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូលខុសច្បាប់ក្នុងរូបភាពផ្សេងៗ។
ក្នុងនោះ ក៏ត្រូវធ្វើវិសោធនកម្មអនុក្រឹត្យ ស្ដីពី ការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី សំដៅធានាការពិនិត្យគុណភាព និងការពារសុខភាពប្រជាជន ស្របតាមការកំណត់នៃបទដ្ឋានគតិយុត្តជាធរមាន។ ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) សម្រាប់សម្រួលដល់ការស្នើសុំលិខិអនុញ្ញាតឱ្យបានលឿន៕