រដ្ឋមន្ត្រីផែនការ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកម្មវិធីវិនិយោគសាធារណៈ ជាមួយក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ភ្នំពេញ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ឆ្នាំរំកិល (PIP) ២០២៤-២០២៦ ជាមួយ ឯកឧត្តម ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខាធិការនិងក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងផែនការ។
គួររំលឹកផងដែរថា កិច្ចប្រជុំនេះធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាកម្រិតនយោបាយស្តីពីការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅ ក្នុងគោលបំណងដើម្បីប្រមូលធាតុចូល និងពិភាក្សាការងារមួយចំនួនឲ្យកាន់តែស៊ីជម្រៅ សម្រាប់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦ ឲ្យចំគោលដៅ និងកាលបរិច្ឆេទដែលត្រូវកំណត់អនុវត្ត។