សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងអស់មិនបានបង្ខិតបង្ខំទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងអស់មិនបានបង្ខិតបង្ខំទេ ប៉ុន្តែអ្វីដែលសំខាន់គឺចង់ឱ្យមានការចូលរួមឱ្យបានច្រើនពីប្រជាជននិងយុវជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេច បានអញ្ជើញប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
សម្តេចធិបតី ក៏បានស្នើឱ្យក្រសួងការងារយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានគ្រប់ទម្រង់និងរូបភាពឱ្យទូលំទូលាយដើម្បីចំគោលដៅឱ្យប្រជាពលរដ្ឋមានការយល់ដឹងចូលរួមក្នុងកម្មវិធីនេះឱ្យបានច្រើនជាអតិបរមា។
សម្តេចធិបតី បានបន្តថា ពិតណាស់កិច្ចការទាំង អស់នេះយើងត្រូវយល់អំពីសារៈសំខាន់នៃការទទួលបានព័ត៌មាននិងការយល់ដឹងរបស់ប្រជាជន បើមិនដូច្នេះទេគឺយើងមិនអាចទៅរួចទេគឺត្រូវយកយុទ្ធសាស្ត្រវិស័យឯកជន មកប្រើ ផលិតផលល្អបែបណាក៏ដោយបើគ្មានការផ្សព្វផ្សាយពាណិជ្ជកម្មគឺមិនអាចទាក់ទាញអតិថិជនបានទេគឺមិនអាចឱ្យប្រជាពលរដ្ឋដឹងនិងចូលរួមនោះទេ។ ពេលខ្លះប្រជាជន អាចសួរមកវិញថាបង្ខំឱ្យខ្ញុំចូល រៀន ចូលរៀនហើយឱ្យខ្ញុំធ្វើអី ? ។
សម្តេចធិបតី បានបន្ថែមថា គោលនយោបាយយើងទាំងអស់មិនបានបង្ខិតបង្ខំទេ។ ទាំងកម្មវិធីជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយទាំងកម្មវិធីសន្តិសុខសង្គមដោយស្ម័គ្រចិត្តនិងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យគឺអត់មានបង្ខិតបង្ខំទេ។ ប៉ុន្តែអ្វីដែលសំខាន់ដើម្បីឱ្យមានការចូលរួមឱ្យបានច្រើន៖ ទី១.ត្រូវផ្សព្វផ្សាយឱ្យដឹងច្បាស់ ,ទី២.ពេលបានហើយត្រូវអនុវត្តឱ្យបានគត់មុត និងចំគោលដៅ ៕