ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ ជំនាញបច្ចេកទេសជួយឱ្យយុវជនឆាប់មានការងារធ្វើ ខណៈដែលកម្មករនិយោជិតអាចផ្លាស់ប្តូរជំនាញ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាមធ្យោបាយជួយឱ្យយុវជនអាចចាប់យកឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងជាស្ពានផ្តល់ឱកាស “ការសិក្សាពេញមួយជីវិត” ដល់បងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិតទោះបីជាកំពុងមានការងារធ្វើក៏ដោយ។
ការបញ្ជាក់របស់ឯកឧត្តម ហេង សួរ ដូចនេះគឺនៅក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ហេង សួរ បានថ្លែងថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកម្មវិធីអាទិភាពមួយរបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានសមត្ថភាព មានគុណធម៌ សីលធម៌ ចរិយាមាយាទ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវលើការងារ មុខរបរ និងវិជ្ជាជីវៈរបស់ខ្លួនដែលអាចឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ ទាំងចំពោះមុខ និងទាំងអនាគត។ ចំពោះការប្រកាសអនុវត្តជាផ្លូវការ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅពេលនេះ គឺសម្រាប់ ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥លាននាក់ ដោយអាចចូលរៀនេះវគ្គជំនាញមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។
ឯកឧត្តម ហេង សួរ ចាត់ទុកថាកម្មវិធីបណ្តុះបណ្តាលនេះ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្តល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង៧០ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថាកំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។
សូមបញ្ជា្កក់ថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីពេលនេះតទៅ តាមរយៈ (១). ប្រព័ន្ធឌីជីថល ដោយខ្លួនឯង ឬដោយពឹងបុគ្គលណាមួយ លើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M), ឬ (២). អាចទៅចុះឈ្មោះផ្ទាល់នៅតាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត ចំនួន ១៤, និងមជ្ឈមណ្ឌលការងារចល័តចំនួន ៥។ ចំពោះលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន គឺត្រូវតែជាសិស្សដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, មានអាយុចាប់ពី ១៥ឆ្នាំឡើង, និងមានបណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។ ចំពោះអត្ថប្រយោជន៍វិញ សិស្សនឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់៕