ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ជួបសំណេះសំណាល និងប្រគល់អាវរងារ អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបណ្តាអង្គភាពឈរជើង តាមព្រំដែនទិសទី១ យោធភូមិភាគទី៥
ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានរៀបចំពិធី ទទួលស្វាគមន៍ដំណើរអញ្ជើញចុះសួរសុខទុក្ខរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក បានអញ្ជើញដឹកនាំគណៈប្រតិភូ នាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បណ្តាអង្គភាពឈរជើងនៅតាមព្រំដែនទិសទី១ យោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុង ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ជំនួសមុខឱ្យអង្គភាពទាំងមូល ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានសម្ដែងនូវគារវកិច្ចស្វាគមន៍ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរអំពីសុខទុក្ខរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ដែលជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែផ្តល់អំណោយជាអាវភ្លៀង នៅរដូវភ្លៀង ចំនួន ១លើក និងអាវរងានៅរដូវរងារ ចំនួន ១លើក ក្នុងមួយឆ្នាំ ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ពុំដែលអាក់ខានម្តងណាឡើយ ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងពល បានបន្ថែមទៀតថា ជាការពិតណាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បណ្ដាអង្គភាពចំណុះកងទ័ពជើងគោក ពិតជាបានបន្តការអភិវឌ្ឍខ្លួនយ៉ាងគាប់ប្រសើរទាំងសមត្ថភាព ចំណេះដឹង ការបំពេញតួនាទី ភារកិច្ច ពិសេសកម្រិតនៃការរស់នៅប្រចាំថ្ងៃរបស់កងទ័ពកាន់តែមានភាពប្រសើរឡើង តាមរយៈការគាំទ្រទាំងស្មារតី និងសម្ភារៈ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា ជានិច្ចកាល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែផ្តល់ និងចែកអំណោយជាអាវភ្លៀង អាវរងាចំនួន ០២លើក ក្នុងមួយឆ្នាំ ជូនដល់បងប្អូនយើងពុំដែលអាក់ខានឡើយ ក្នុងនោះអាវភ្លៀង ១លើក សម្រាប់រដូវភ្លៀង និងអាវរងា ១លើក សម្រាប់រដូវត្រជាក់ជារៀងរាល់ឆ្នាំ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ បូជាទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងហានលះបង់ពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន។
ឯកឧត្តម ហ៊ុន ម៉ានិត បានបន្ថែមថា កងកម្លាំងប្រដាប់អាវុធ ជាកម្លាំងដ៏សំខាន់ មិនអាចខ្វះបាន នៅក្នុងការរក្សាបាននូវការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសណ្តាប់ធ្នាប់សង្គម ជូនប្រទេសជាតិ និងប្រជាជន ត្រូវគោរព និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខាតសុខសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព៕