ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្ត្រីវៀតណាម
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហ្វាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបនោះ ឯកឧត្តម ហ្វាម មិញជីញ បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានអញ្ជើញមកបំបេញទស្សនកិច្ចនៅវៀតណាមលើកដំបូង ក្នុងតួនាទីជាឯកឧត្តម ជា ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ហើយឯកឧត្តមបាន ជូនពរគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បំពេញទស្សនកិច្ចទទួលបានជោគជ័យនៅវៀតណាម ដើម្បីរួមចំណែក ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ឱ្យកាន់មានប្រសិទ្ធភាព និងបន្តអភិវឌ្ឍចំណងមិត្តភាព ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។
ឯកឧត្តម ហ្វាម មិញជីញ បានបញ្ជាក់ថា ប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម មានទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ ហើយធ្លាប់បានរួមសាមគ្គីគ្នា តស៊ូជំនះរាល់ការលំបាក និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលដៅអភិវឌ្ឍប្រទេសនីមួយៗឱ្យមានការរីកចម្រើន។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទសទាំងពីរ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ក្នុងរយៈពេលកន្លងមកនេះ ក្នុងនោះកងទ័ពទាំងពីរបានសហគ្នាបានយ៉ាងល្អ ដោយឈរលើស្មារតីមិត្តភាព ជាបងប្អូន។
ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលសម្តេចបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ កងទ័ពទាំងពីរ កម្ពុជា វៀតណាម ដែលយើងត្រូវតែថែរក្សាពូនជ្រុំ កសាងឱ្យបានរឹងមាំបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរ។
មានមតិឆ្លើយតបវិញ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ការបំពេញដំណើរទស្សនកិច្ចមិត្តភាពនិង ជាផ្លូវការ នៅវៀតណាម គឺជាដំណើរទស្សនកិច្ចលើកដំបូង និងជាប្រវត្តិសាស្រ្ត ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ និងសង្គម ជាមួយមិត្តវៀតណាម ក្នុងការកសាងសហគមន៍ជាមួយគ្នាកម្ពុជា-វៀតណាម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលជានិច្ចកាល តែងតែផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទ ក៏ដូចជាកម្ពុជាទាំងមូលនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាក់ស្តែងក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ភាគីវៀតណាមបានផ្តល់នូវជំនួយ និងការគាំទ្រជាច្រើនរួមទាំងសម្តារ និងស្មារតី កាយវិការ ដ៏ថ្លៃថ្លានេះបានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់នូវចំណងមិត្តភាព សាមគ្គីភាព មនោសញ្ចេតនា និងការគោរពរាប់អានដ៏ស្មោះរបស់កងទ័ព និងប្រជាជនវៀតណាមទាំងមូលជូនចំពោះកងទ័ព និងប្រជាជនកម្ពុជា ក្នុងស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ៕