គណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក PAUL Clements ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ភាគីទាំងពីរបានពិភាក្សាគ្នាលើចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះគណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជាបានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនប្រតិភូក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដែលបានបញ្ជាក់ជំហរគាំទ្រ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រេីនថែមទៀត៕