អភិបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំមួយស្តីពីការត្រៀមរៀបចំ ព្រះរាជពិធីបុណ្យអុំទូក នៅរមណីដ្ឋានទន្លេបាទី
ភ្នំពេញ៖ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយស្តីពីការត្រៀមរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរមណីដ្ឋានទន្លេបាទី ស្ថិតក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អភិបាល អភិបាលរងក្រុង-ស្រុកទាំង១០ និងមន្រ្ទីជំនាញពាក់ព័ន្ធចូលរួមជាច្រើននាក់ផងដែរ។
នាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ដោយធ្វើការណែនាំបន្ថែមទៀត ទៅដល់អស់លោកលោកស្រី និងអ្នកពាក់ព័ន្ធនៅក្នុងគណៈកម្មការ និងអនុគណៈកម្មការខេត្តរៀបចំ ព្រះរាជពិធីបុណ្យអុំទូកនេះ សូមចូលរួមសហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យដំណើរការ នៃការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នៅរមណីដ្ឋានទន្លេបាទី រយៈពេល ២ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន ពិសេសសូមអាជ្ញាធរក្រុង-ស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាល និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវតែពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អរឹងមាំ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលពួកគាត់អញ្ជើញមកទស្សនាពិធីបុណ្យអុំទូកនេះ ពិសេសក៏ត្រូវតែត្រៀមក្រុមគ្រូពេទ្យប្រចាំការ ចៀសវាងមានបញ្ហាណាមួយកើតឡើងដែលទាមទារឱ្យជួយអន្តរាគមន៍បានទាន់ពេលវេលាផងដែរ ៕