ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ឯកឧត្តម Mohammed Ismaeil A.Dahlwy បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីផងដែរថាដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាឱកាសនេះគឺដើម្បីរិតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាចូលរួមអបអរសាទរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ ដែលប្រកបដោយសមត្ថភាព និងមានការប្តេជ្ញាខ្ពស់ដើម្បីពន្លឿនការអភិវឌ្ឍប្រទេស និងគាំទ្រដល់វិស័យវិនិយោគនៅកម្ពុជា។
ទន្ទឹមនេះ ឯកឧត្ដមឯកអគ្គរាជទូត បានជម្រាបនូវគោលបំណងក្នុងការធ្វើកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យមួយចំនួនដូចជា ប្រេង ថាមពល កសិកម្ម ចំណីអាហារ អាហារហាឡាល់ ការផ្តល់ហិរញ្ញវត្ថុ វិស័យកីឡា និងទេសចរណ៍ជាដើម។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណឯកឧត្តឯកអគ្គរាជទូតដែលបានចូលជួបសម្តែងការគួរសមនិងអបអរសារទររាជរដ្ឋាភិបាលថ្មី ព្រមទាំងបានជម្រាបជូនអំពីការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាអ្នកសម្របសម្រួលការវិនិយោគនៅប្រទេសកម្ពុជា ហើយក្រៅពីវិស័យនានាដែលឯកឧត្ដមឯកអគ្គរាជទូតបានលើកឡើង កម្ពុជាក៏អាចផ្ដល់កិច្ចសហការលើវិស័យមួយចំនួនទៀតដូចជាវិស័យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ជាដើម ដោយក្នុងនោះប្រទេសទាំងពីរអាចពិនិត្យលទ្ធភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចវិនិយោគទៅវិញទៅមកដើម្បីទាក់ទាញ និងជួយឱ្យវិនិយោគិននៃប្រទេសទាំងពីរចាប់ដៃគ្នាធ្វើអាជីវកម្មផងដែរ ៕