ប្រមុខរាជរដ្ឋាភិបាល៖ តំបន់កោះនរា មានគម្រោងសាងសង់អគារដែលខ្ពស់ជាងគេនៅក្នុងតំបន់
ភ្នំពេញ៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា តំបន់កោះនរា មានគម្រោងសាងសង់អគារដែលខ្ពស់ជាងគេនៅក្នុងតំបន់ ដែលមានកម្ពស់រហូតដល់ជាង៥០០ម៉ែត្រ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលបានដាក់ទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឆ្ពោះទៅទិសខាងកើត ដែលប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាលេខ១ និងទទួលបានផលប្រយោជន៍ជាច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ពីមុនការតភ្ជាប់គ្នាមានតែតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ប៉ុន្តែបច្ចុប្បន្នមានផ្លូវមួយទៀត គឺផ្លូវឌីជីថល ដែលភ្ជាប់ទំនាក់ទំនងគ្នាបានលឿន។
សម្តេចធិបតី បានបញ្ជាក់ថា ការអភិវឌ្ឍន៍កោះនរា គឺជាការស្រង់ស្ថានភាពកោះ ដែលពីមុនត្រូវបានបាកចូលទន្លេ ហើយការអភិវឌ្ឍន៍នេះ បានក្លាយទៅជាកន្លែងមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ ៕