រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ ក្នុងស្រុកសំបូរ
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងស្រុក មេឃុំ ស្មៀន និងប្រជាពលរដ្ឋនៅឃុំ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បញ្ជាក់ពី តួនាទី ភារកិច្ច សិទ្ធិអំណាច សមិទ្ធផល និងបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាខេត្ត ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ និងដើម្បីធានាដល់កិច្ចដំណើរការការងាររបស់រដ្ឋបាលខេត្ត-ក្រុង ស្រុក-ខណ្ឌ ប្រកបដោយតម្លាភាព និងគណនេយ្យភាព រាជរដ្ឋាភិបាលបានរៀបចំអោយមានក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដែលជាតំណាងសាធារណៈជន ជាអ្នកការពារ និងបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់នៅក្នុងដែនដីរបស់ខ្លួន ៕