អភិបាលខេត្តកណ្តាល ណែនាំដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តនូវគោល នយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព»
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅភូមិអរិយក្សត្រ និងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ មានការសប្បាយរីករាយ បន្ទាប់ពីទទួលបាននូវសមិទ្ធផលថ្មីជាផ្លូវបេតុងអាមេ ប្រវែង៣,២៤៩ ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងលូដោះទឹកអមសង្ខាងផ្លូវ បន្ទាប់ពីត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
មានប្រសាសន៍ក្នុងពិធីសម្ភោផ្លូវបេតុងនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានលើកឡើងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ និងលូដោះអមសង្ខាងផ្លូវ នាពេលនេះ គឺជាសមិទ្ធផល ដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់សង្កាត់អរិយក្សត ក្រុងអរិយក្សត្រ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥៖ “មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា” ដោយនៅតែតម្កល់មនុស្សជាអាទិភាពនៅលើគេ។ នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ,មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ផ្លូវបេតុងអាម ប្រវែង ៣.២៤៩ម៉ែត្រ ទទឹង ០៨ម៉ែត្រ ស្ថិតនៅភូមិអរិយក្សត្រ ភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល សាងសង់ដោយឧកញ៉ា ភឺន ផល្លា ដែលបានប្រសិទ្ធិនាមថា “វិថី ឧកញ៉ា ភឺន ផល្លា”។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តនូវគោល នយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ។ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្ត ឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។ បន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ ៕