សម្ដេចធិបតី៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលថ្មីមួយ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។
ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់នៅមិន ឆ្ងាយប៉ុន្មានពីតំបន់សង្គ្រាមចុងក្រោយ ដែលត្រូវបានបញ្ចប់ដោយនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។
សម្តេចធិបតី បានបន្តថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប គឺដោយឈរលើចក្ខុវិស័យវែងឆ្ងាយចំនួន ២ របស់សម្ដេចតេជោ ហ៊ុន សែន នោះគឺការអភិរក្ស និងការអភិវឌ្ឍ ៕