សម្តេចធិបតី ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវទេសចរចិន អញ្ចើញមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរចិន ដែលជាមិត្តនិងបងប្អូនល្អរបស់កម្ពុជា អញ្ចើញមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ។
នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នៅក្នុងវេទិកាខ្សែក្រវ៉ាត់នឹងផ្លូវលើកទី៣ នៅរដ្ឋធានីប៉េកាំងកាលពីខែមុននេះ ឯកឧត្តមប្រធានាធិបតី ស៊ីជីនពីង និងខ្ញុំបានប្រកាសរួមគ្នាយកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងន័យនេះខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរចិន ដែលជាមិត្តនិងបងប្អូនល្អរបស់យើង សូមអញ្ចើញមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ពិសេសគឺអាចអញ្ចើញធ្វើដំណើរមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះតែម្តង»។
សម្តេចធិបតីលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយមិត្តចិន ក្នុងការចូលរួមធ្វើឱ្យកម្លាំងចលករមួយនេះ បំពេញតួនាទីកាន់តែមានប្រសិទ្ធភាព ហើយរំពឹងថាជាមួយនឹងក្របខណ្ឌត្បូងពេជ្រ រវាងកម្ពុជា-ចិន ប្រទេសទាំង២នឹងរួមគ្នាសម្រេចបាននូវសមិទ្ធផលផ្លែផ្កាថ្មីៗបន្ថែមទៀត ពិសេសលើវិស័យអតិភាពទាំងឡាយដែលនឹងនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជាតិ ៕