សម្តេចធិបតី៖ រដ្ឋបានដាក់ចេញផែនការជាច្រើន ជួយប្រតិបត្តិករទេសចរណ៍ ដើម្បីឲ្យខេត្តសៀមរាប អាចមានសមត្ថភាពទទួលទេសចរឡើងវិញ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រដ្ឋបានដាក់ចេញផែនការជាច្រើនជួយដល់ប្រតិបត្តិករទេសចណ៍ ដើម្បីឱ្យខេត្តសៀមរាប អាចមានសមត្ថភាពទទួលអ្នកទេសចរឡើងវិញ ហើយដើម្បីធ្វើឱ្យវិស័យទេសចរណ៍ នៅខេត្តសៀមរាប កាន់តែរស់រវើក រដ្ឋាភិបាលនឹងគិតគូរការតភ្ជាប់ជើងហោះហើរត្រង់ ទៅកាន់តំបន់ទេសចរណ៍មានសក្តានុពលនៅ ប្រទេសនានា និងការពង្រីកវិសាលភាពនៃការប្រើប្រាស់បណ្ណព្រំដែន ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋាន អន្តរ ជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅ ដើម្បីជំរុញវិស័យទេសចរណ៍ ជាពិសេសនៅខេត្តសៀមរាបនេះ កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថ្មីៗនៅពេលសម្តេចជួបវិស័យឯកជន គឺបានដាក់ចេញនូវគោលការណ៍សម្រាប់ខេត្តសៀមរាប គឺឆ្នាំ២០២៤ ជាឆ្នាំទស្សនាខេត្តសៀមរាប ដែលជាគោលនយោបាយដើម្បីជំរុញវិស័យទេសចរណ៍នៅខេត្តសៀមរាប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ក្នុងគោលនយោបាយដែលយើងបានដាក់ចេញនោះ គឺទី១ រៀបចំយន្តកាលក្នុងការអនុវត្តដែលរៀបចំនូវក្រុមប្រឹក្សាទេសចរណ៍មួយជាបន្ទាន់ដើម្បីដែលជាតួអង្គរៀបចំចេញពីផែនការសកម្មភាព ដឹកនាំអនុវត្តន៍ និងការដាក់ចេញជាវិធានការជួយលើកទឹកចិត្តប្រតិបត្តិករវិស័យឯកជន ក្នុងខេត្តសៀមរាប តាមរយៈយន្តកាលជួយលើពន្ធ លើកទឹកចិត្តផ្សេងៗ ការត្រៀមផ្តល់ហិរញ្ញប្បទាន ដែលមានការប្រាក់សមរម្យមួយចំនួន សម្រាប់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍»។
សម្តេចធិបតីលើកឡើងថា ដើម្បីជាការរួមចំណែកបន្ថែមទៀតក្នុងការទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅខេត្តសៀមរាប រដ្ឋក៏បានជួយបន្ធូរបន្ថយការចំណាយលើវិស័យថាមពល បើទោះបីតម្លៃអគ្គិសនីនៅតាមបណ្តាប្រទេសនានាមានដំឡើងថ្លៃក៏ដោយ។
សម្តេចធិបតី បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាកាលានុវត្តភាពប្រកបដោយសក្តានុពលដ៏ខ្លាំងក្លា និងសំខាន់សម្រាប់ វិស័យទេសចរណ៍ខេត្តសៀមរាប ៕