ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ៖ គោលបំណងនៃការបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត គឺដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានដឹងនូវសមិទ្ធផលដែលរដ្ឋបាលខេត្ត សម្រេចបាន
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម ស្រេង សុភាព អភិបាលខេត្តស្តីទី បានអញ្ជើញដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ ស្ថិតនៅវត្តកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី នាយករងរដ្ឋបាលខេត្ត លោក លោកស្រីអភិបាល អភិបាលរងស្រុក មេឃុំ និងបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បញ្ជាក់ពីគោលបំណងនៃការបើកវេទិកានេះឡើង គឺដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានដឹងនូវសមិទ្ធផលដែលរដ្ឋបាលខេត្ត សម្រេចបានកន្លងមក និងមានគម្រោងជាអទិភាពនានាក្នុងឆ្នាំកន្លងមក ហើយក៏នឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញនូវមតិយោបល់ សំណូមពរ រួមទាំងបញ្ហាប្រឈមរបស់ខ្លួន ដើម្បីឲ្យមន្ទីរជំនាញពាក់ព័ន្ធបកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ៕