សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានវត្តអារាមព្រះពុទ្ធសាសនាចំនួន ៥,១៣៣ វត្ត និងមាន ព្រះសង្ឃចំនួន ៦៨,៩៦៧ អង្គ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា យើងគួរមានមោទកភាព
ដែលកម្ពុជាមិនមានជម្លោះសាសនា ហើយដែលបានធ្វើឱ្យពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយភាពសុខដុមជាមួយគ្នា។ សម្ដេចបន្តទៀតថា ការបញ្ចប់សង្គ្រាមតាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែនបានធ្វើឱ្យគ្រប់សាសនាទាំងអស់រួចពីសេចក្ដីស្លាប់។
ឱកាសនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យរួមគ្នាលុបបំបាត់ឱ្យអស់ចំពោះទស្សនៈ និងគោលការណ៍ជ្រុលនិយម ដើម្បីរក្សាការពារសុខសន្តិភាព សេរីភាព និងការរីកចម្រើននៅកម្ពុជា និងបានអំពាវនាវដល់ពុទ្ធបរិស័ទ។ នៅថ្ងៃនេះ សម្តេចធិបតីបានអំពាវនាវអោយជនរួមជាតិទាំងអស់ចូលរួមសាទររីករាយ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ នេះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ព្រះសង្ឃគ្រប់អង្គ ប្រតិបត្តិធម្មវិន័យឱ្យបានត្រឹមត្រូវ ដើម្បីជាគំរូល្អក្នុងសង្គមជាតិ
និងបានស្នើដល់ព្រះសង្ឃគ្រប់អង្គ ជួយដល់សង្គមជាតិ តាមរយៈការចូលរួមអប់រំ លើកកម្ពស់គុណធម៌ សីលធម៌ និងសុជីវធម៌ ដើម្បីសង្គមកម្ពុជាជៀសផុតពីអំពើមិនល្អ និងអបាយមុខផ្សេងៗ នៅក្នុងសង្គមជាតិ៕