ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុជាធនធានកម្ររបស់ជាតិមួយដែលត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បិទសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពី ការរៀបចំការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ដារិន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង ថ្នាក់ដឹកនាំ ប្រធានអង្គភាព មន្ត្រីរាជការក្រោយឱវាទ នៃក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍(ក.ប.ទ.) ព្រមទាំងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំង២៤ សរុបប្រមាណ ១២៧នាក់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំ ឡើងដោយអគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុនៃ ក.ប.ទ. សហការ ជាមួយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក.ប.ទ. ដែលអនុក្រឹត្យនេះ មានគោលដៅកំណត់អំពីគោលការណ៍ វិធាន និងសមត្ថកិច្ចនៃការគ្រប់គ្រងវិសាលគមន៍ ហ្វ្រេកង់ស៍វិទ្យុ និងបន្ទារហ្វ្រេកង់ស៍វិទ្យុសម្រាប់ផ្កាយរណបនិងគន្លងផ្កាយរណប ក្នុងគោល បំណងរៀបចំ បែងចែក និងប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដើម្បីពង្រឹងការគ្រប់គ្រប និងការប្រើប្រាស់ធនធានកម្ររបស់ជាតិ ការចូលរួមប្រកួតប្រជែង ដោយស្មោះត្រង់និងស្របច្បាប់ និងការរួមចំណែកដល់ការកៀរគរចំណូលជាតិ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានចែករំលែកពីបញ្ហាប្រឈម និងកិច្ចខំប្រឹងប្រែង របស់ក្រសួងព្រមទាំងសារៈសំខាន់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅតាមបណ្តាបុរីក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងគោលបំណងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងគុណភាពសេវាទូរគមនាគមន៍ ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ខ្លាំងក្លា នៃតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាពិសេសអ៊ីនធឺណិតតាមទូរសព្ទចល័ត។
ឯកឧត្តមបន្តថា វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុជាធនធានកម្ររបស់ជាតិមួយដែលត្រូវ មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង ដើម្បីធ្វើយ៉ាងណាឱ្យការប្រើប្រាស់ ធនធាន កម្រមួយនេះមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ផ្តល់ចំណូលជាតិ និងចូលរួមចំណែកក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចជាអតិបរមា។
ឯកឧត្តមរដ្ឋមន្ត្រីបន្តទៀតថា ធនធានកម្ររបស់ជាតិនេះ នឹងចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដែលគាំទ្រយ៉ាងសកម្មដល់ការ ធ្វើបរិវត្តកម្មឌីជីថលតាមរយៈការប្រើប្រាស់ធនធានដ៏មានសារៈសំខាន់នេះ ក្នុងការពង្រីក វិសាលភាព គ្របដណ្តប់នៃសេវាទូរសព្ទ និងអ៊ីនធឺណិតល្បឿនលឿន គាំទ្រដល់ការប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាយន្តការសំខាន់ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៃ ក្នុងព្រះរាជាណាចក្រកម្ពុជា៕