ឧត្តមសេនីយ៍ត្រី ហួម ខ្វែក ចុះត្រួតពិនិត្យការបាញ់គ្រាប់ពិត របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង លោកវរសេនីយ៍ឯក គឹម រដ្ឋមុនី នាយការិយាល័យហ្វឹកហ្វឺន យោធភូមិភាគទី៥ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យការបាញ់គ្រាប់ពិតប្រភេទអាវុធ AK47 របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករង បាត់ដំបង នៅទីលានបាញ់គ្រាប់ពិត សាលាពលទាហានទី៥ (ភ្នំតូច) ស្ថិតក្នុងភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ឧត្តមសេនីយ៍ត្រី ហួម ខ្វែក បានធ្វើការកោតសរសើរ ដល់សិក្ខាកាមទាំងអស់ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលលទ្ធផលល្អ ក្នុងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនាពេលនេះ និងបានធ្វើការផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ បន្តយកចិត្តទុកដាក់សិក្សារៀនសូត្រពីយោធាចារ្យបន្ថែមទៀត ដើម្បីយកចំណេះដឹងដែលទទួលបានពី សាលាទៅបម្រើការនៅអង្គភាព និងមាតុភូមិ។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះមានសិក្ខាកាមចំនួន ១០០នាក់ ហើយហ្វឹកហ្វឺនរយៈពេល៣ខែ ហើយលំហាត់បាញ់គ្រាប់ពិតនាពេលនេះ ត្រូវបានអនុវត្តបាញ់តាម៣កាយវិការគឺ កាយវិការក្រាបបាញ់ កាយវិការលុតជង្គង់បាញ់ និងកាយវិការឈរបាញ់។ ក្រោយពេលបញ្ចប់លទ្ធផលទទួលបានរួមមាន ចំណាត់ថ្នាក់ពូកែ មានចំនួន ១០នាក់ ចំណាត់ថ្នាក់គ្រាន់បើ មានចំនួន ១៧នាក់ និងចំណាត់ថ្នាក់មធ្យម មានចំនួន៧៣នាក់៕