ឯកឧត្តម គួច ចំរើន នាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងឃុំចំនួន២ ក្នុងស្រុកព្រៃនប់
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលប៉ះពាល់ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់តិចតួចក្នុងឃុំចំនួន២ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះមាន ឃុំទឹកល្អក់ ៦៥គ្រួសារ ឃុំសាមគ្គី ១៨គ្រួសារ សរុបចំនួន ៨៣គ្រួសារ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានពាំនាំការផ្តាំផ្ញើសួរសុកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះ និងសូមចូលរួមជួយសម្រួលការលំបាករបស់បងប្អូនដោយឥទ្ធិពលខ្យល់កន្ត្រាក់បង្កឱ្យមានផ្ទះចំនួន ៨៣គ្រួសារ។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា នេះជាគ្រោះធម្មជាតិមួយមិនថាប្រទេសណាទេនោះទេ សូម្បីពិភពលោកក៏រងគ្រោះធម្មជាតិដូចគ្នា ដូចច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្ន ជាពិសេសកូនក្មេងតូចៗ ក្នុងនោះ ឯកឧត្តមក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរបើកបរមិនថាទីជិត ឫឆ្ងាយ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងមួយគ្រួសារបាន៖អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០ កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភូយ១ សារុង១ ក្រមា១) និងថវិកាចំនួន ១០មុឺនរៀល ៕