រដ្ឋមន្ត្រីបរិស្ថាន៖ ការប្រើប្រាស់ថង់ប្លាស្ទិក នៅកម្ពុជាកន្លងមក មានការកើនឡើង ប៉ុន្តែពេលនេះ ដោយមានការចូលរួមពីសិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយ ប្រមាណ ១២លានថង់ក្នុងមួយថ្ងៃ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការប្រើប្រាស់ថង់ប្លាស្ទិក នៅកម្ពុជាកន្លងមក មានការកើនឡើង ប៉ុន្តែពេលនេះ ដោយមានការចូលរួមពីសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង ការប្រើប្រាស់ថង់ប្លាស្ទិកត្រូវបានកាត់បន្ថយ ប្រមាណ ១២លានថង់ក្នុងមួយថ្ងៃយ៉ាងតិចនៅកម្ពុជា។
ឯកឧត្ដមបណ្ឌិតបានបន្តថា ក្រៅពីថង់ប្លាស្ទិកនៅមានសម្ភារប្លាស្ទិកប្រើក្នុងសេវាអាហារ និងភេសជ្ជៈ ដូចជា៖ ចាន ប្រអប់ស្នោរ កែវ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។ សម្ភារប្លាស្ទិក ដែលប្រើរួចត្រូវបានចោលលាយឡំជាមួយសំរាម សំណល់រឹងទីប្រជុំជន និងមានភាពរាយប៉ាយនៅតាមទីវាល និងប្រភពទឹកស្ទើរគ្រប់ទីកន្លែង។
ឯកឧត្ដមបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយខេត្តចំនួន៦ទៀត រួមមានរដ្ឋបាលខេត្តកំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ ព្រមទាំងសមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សូមរំលឹកថា គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានរដ្ឋបាលខេត្តចំនួន១៣ រួមជាមួយស្ថាប័នជាតិធំៗចំនួនរួមមាន៖ ស្ថាប័នកាកបាទក្រហមកម្ពុជា, សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចុះអនុស្សារណៈយោគយល់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយក្រសួងបរិស្ថាន ៕