រដ្ឋមន្រ្តីបរិស្ថាន៖ យុវជនជាង ៣លាននាក់បានប្តេជ្ញាចិត្តចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីកម្ពុជាស្អាត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា យុវជនចំនួនជាង ៣លាននាក់បានប្តេជ្ញាចិត្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ជាមួយនឹងការប្តេជ្ញាចិត្តរបស់យុវជន ដោយផ្តើមពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១ សប្តាហ៍ ដើម្បីរួម ចំណែក ក្នុងការកាត់បន្ថយ ការបង្កើត និងការចោលសំរាមតាម សាលា រៀន តាមលំនៅស្ថាន និងនៅក្នុងភូមិ ឃុំរបស់ពួកគេ រហូតដល់បានផ្លាស់ប្តូរទម្លាប់ឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត។
ប្រសាសន៍ថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍នៃការប្រកាសបើកយុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ! នៅពហុកីឡដ្ឋានក្រុងកំពត ខេត្តកំពត រួមនឹងពិធីចុះអនុស្សារណៈយោគយល់រវាងក្រសួងបរិស្ថាននិងរដ្ឋបាល ខេត្តកំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
រាប់ចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុបចំនួន ៣,០០៨,០៧១ អង្គ/នាក់ ក្នុងនោះរួមមាន លោកគ្រូអ្នកគ្រូសរុបចំនួន ១១១,០៥៦ នាក់ សិស្សានុសិស្សសរុបចំនួន ២,៨៣៥,០៨៧ នាក់ កម្មករកម្មការិនី និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៦១,៩២៨ នាក់ ដោយបានចុះផ្សព្វផ្សាយសរុបចំនួន ៨,៦៦០លើក ក្នុងសាលារៀនសរុបចំនួន ៦,៦៥៥សាលា រោងចក្រ/សហគ្រាស/ប្រជាពលរដ្ឋ សរុបចំនួន ១២០ កន្លែង សហគមន៍ចំនួន ៦៥ កន្លែង និងវត្ដអារាមចំនួន ២២ វត្ត នៅក្នុងក្រុង/ស្រុកចំនួន ១៩៦ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា លើសពីនេះ ខេត្តកំពតមានសាលាចំនួន ៤៣៨សាលា និងលោកគ្រូ អ្នកគ្រូ សរុបចំនួនជិត៦ពាន់នាក់ និងសិស្សា នុសិស្សសរុប ចំនួនជាង ១៣ម៉ឺននាក់បន្ថែមទៀត ៕