នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ១០ខែ ឆ្នាំ២០២៣នេះ កម្ពុជានាំចេញស្រូវបានជាង ៦លានតោន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ វិច្ឆិកានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា នាំចេញស្រូវបាន ៦,២លានតោន ។
សម្ដេចធិបតីបន្ថែមថា មិនមែននៅស្ងៀមៗប្រទេសនានា នាំគ្នាទិញស្រូវពីកម្ពុជាទេ ប៉ុន្តែគឺមកពីពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខស្បៀង ដែលគ្រប់ប្រទេសទាំងអស់ត្រូវចាត់វិធានការទិញស្រូវស្តុកទុក។ បន្ថែមពីលើនេះ វាក៏បង្ហាញពីការធានាពីប្រសិទ្ធភាពនៃគោលនយោបាយរបស់យើង ការទំនាក់ទំនង ព្រមទាំងគុណភាពនិងតម្លៃរបស់យើងផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះពូជអង្ករស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាសក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករ សម្រាប់អង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១ ដែលរៀបចំដោយវិទ្យាស្ថានស្រូវនៃបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មខេត្តគួងស៊ី ប្រទេសចិនកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣៕