ត្រឹម១ថ្ងៃ អាជីវករ និងកម្មករនិយោជិត ៣១ ០៧៩នាក់ ទទួលបានការផ្សព្វផ្សាយ ស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.
ភ្នំពេញ៖ គិតរហូតមកដល់ថ្ងៃនេះ គឺជាថ្ងៃទី៥ ហើយនៃយុទ្ធនាការផ្សព្វផ្សាយ ៣០ថ្ងៃ ដែលបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ពិសេស គឺការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដែលបងប្អូនប្រជាពលរដ្ឋត្រូវទទួលបាន ពេលក្លាយជាសមាជិក ប.ស.ស.។
ការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ហើយគ្រាន់តែរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះ មានបងប្អូនអាជីវករ និងបងប្អូនកម្មករនិយោជិតសរុបប្រមាណជា ៣១ ០៧៩នាក់ ទទួលបានការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត តាមរយៈយុទ្ធនាការខាងលើនេះ។
គួរបញ្ជាក់ឱ្យដឹងថា ក្នុងយុទ្ធនាការរយៈពេល ៣០ថ្ងៃនេះ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប.ស.ស. ដែលជាសេនាធិការបាននឹងកំពុងពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយទៅដល់មូលដ្ឋានជាគោលដៅ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត ពិសេសបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដាក់ឱ្យអនុវត្តនាពេលថ្មីៗនេះ៕