សម្តេចធិបតី៖ រាជរដ្ឋាភិបាល គិតគូរជាប់ប្រចាំ ដើម្បីរក្សាតម្លៃមួយ ដែលអ្នកលក់ និងអ្នកទិញ អាចទទួលបានទាំងអស់គ្នា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកលក់ចង់បានថ្លៃ អ្នកទិញចង់បានថោក ផ្អែកលើចំណុចនេះរាជរដ្ឋាភិបាល តែងតែគិតគូរអំពីតុល្យភាពរវាងអ្នកប្រើប្រាស់ និងអ្នកផលិតផលកម្មសិកម្ម ដើម្បីរក្សាតម្លៃមួយអាចទទួលបានទាំងអស់គ្នា។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នៅថ្ងៃទី២០ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នៅពេលដែលយើងនិយាយពីកសិកម្ម គឺយើងតែងតែគិតអំពីតុល្យភាពចំពោះរដ្ឋាភិបាល រវាងអ្នកប្រើប្រាស់ និងអ្នកផលិត បើអ្នកផលិតតម្លៃខ្ពស់ល្អហើយ ប៉ុន្តែនៅពេលដែលលក់ចេញមកអ្នកប្រើប្រាស់ថ្លៃក៏មិនកើត វាធ្វើឱ្យមានអតិផរណា អញ្ចឹងការកាត់គម្លាតយ៉ាងណា ផលទីមួយ ចូលដល់កសិកររបស់យើងបានច្រើន ផលទី២ រក្សាលំនឹងតម្លៃនៅក្នុងទីផ្សារសម្រាប់ផលិតផល ។ ប្រជាកសិករគាត់ចង់បានតម្លៃស្រូវខ្ពស់ តែអ្នកហូបគាត់ចង់បានតម្លៃអង្ករ កុំថ្លៃពេក អញ្ចឹងតុល្យភាពរូបមន្តនេះជាអ្វីដែលរាជរដ្ឋាភិបាល ក្នុងការគិតគូរធ្វើយ៉ាងណាធានា»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា វាមិនសំខាន់រឿងតម្លៃលក់ផលិតផលកសិកម្ម បានថ្លៃនោះទេ តែសំខាន់ថាតើកសិករសល់លុយប៉ុន្មាន រដ្ឋបានគិតគូរជាប់ប្រចាំ ដើម្បីរក្សាតម្លៃមួយអាចទទួលបានទាំងអស់គ្នា។ សម្តេចធិបតី ក៏បានអបអរសាទរប្រជាកសិករ ដោយសារតែទីផ្សារស្រូវមានតម្លៃល្អ បើប្រៀបធៀបពីឆ្នាំទៅ ដោយមានតម្លៃចាប់ពី ១,០០០រៀល ទៅ ១,៣០០រៀល ខណៈដែលកាលពីមុនមានតម្លៃចន្លោះ៨០០រៀល ទៅ១០០០រៀល ក្នុងមួយគីឡូក្រាម។ បន្ថែមពីនេះតម្លៃវត្ថុធាតុដើមមួយចំនួនដូចជា ជីកសិកម្ម ថ្នាំកសិកម្មមួយចំនួន ដូច្នេះធ្វើឱ្យកសិកររបស់យើងអាចរកចំណូលបាន ។
សម្តេចធិបតីលើកឡើងថា គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាចែកផលលាភទៅដល់ដៃប្រជាពលរដ្ឋ នៅក្នុងវិស័យកសិករ ដើម្បីបញ្ជូនទៅដល់ដៃកសិករតែម្តង ដែលចំណុចនេះជាអ្វីដែលរាជរដ្ឋាភិបាល រួមជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលចូលរួមជាចលករក្នុងការពង្រឹងលើការងារកសិកម្មនេះ ៕