នាយឧត្តមសេនីយ៍ វ៉ាង សុីវពីន៖ កម្ពុជា-ចិននឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមជាអធិបតីក្នុងពិធីបិទសមយុទ្ធពហុសាសន៍ “សន្តិភាព-មិត្តភាព-ឆ្នាំ២០២៣”។
នាឱកាសចូលរួមក្នុងពិធីបិទសមយុទ្ធនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វ៉ាងសុីវពីន មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនផងដែរ។
នៅក្នុងជំនួបនោះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចដើម្បីពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីនិងជាប្រវត្តិសាស្ត្រដ៏ល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ក៏ដូចជាការលើកទឹកចិត្តនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនៃបណ្ដាប្រទេសទាំងអស់ដែលបានចូលរួមក្នុងសមយុទ្ធពហុសាសន៍ឲ្យទទួលបានជោគជ័យ និងរួមចំណែកក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វ៉ាង សុីវពីន មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានថ្លែងអំណរគុណចំពោះកងយោធពលខេមរភូមិន្ទដែលបានបញ្ជូនកងកម្លាំងមកចូលរួមក្នុងសមយុទ្ធពហុសាសន៍ “សន្តិភាព-មិត្តភាព ២០២៣” ដែលនេះ សបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាដល់កងទ័ពរំដោះប្រជាជនចិននិងជាពិសេសតំបន់ភូមិភាគខាងត្បូង។
ឯកឧត្ដម នាយឧត្តមសេនីយ៍ វ៉ាង សុីវពីន ក៏បានគូសបញ្ជាក់បន្ថែមថាកម្ពុជានិងចិននឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ៕