រដ្ឋមន្ដ្រីក្រសួងរ៉ែ អំពាវនាវឱ្យក្រុមហ៊ុនធំៗ មកសិក្សាពិនិត្យលទ្ធភាពវិនិយោគ លើការបូមប្រេងកាតនៅប្លុក A ដែនសមុទ្រកម្ពុជា
ភ្នំពេញ៖ ក្នុងវេទិកាពិភាក្សាសារព័ត៌មាន លើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាសុខាភ្នំពេញ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបន្តអំពាវនាវដល់បណ្តាប្រទេសមួយចំនួនដូចជា បារាំង ចិន ថៃ ម៉ាឡេស៊ី និងជប៉ុនជាដើម មកសិក្សាវិនិយោគបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុនរបស់សិង្ហបុរី KrisEnergy បានក្ស័យធន និងបញ្ឈប់ការបូមប្រងនៅប្លុកនោះ។
ឯកឧត្ដមបានលើកឡើងថា បន្ទាប់ពីលោកបានជួបជាមួយបណ្តាទូតនានា ដូចជាបារាំង ចិន ថៃ ម៉ាឡេស៊ី និងជប៉ុនជាដើម លោកតែងតែអំពាវនាវឱ្យក្រុមហ៊ុនវិនិយោគធំលើវិស័យរ៉ែ ដែលចង់មកវិនិយោគលើការបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា សូមធ្វើការសិក្សាពីប្លុកប្រេងនេះ ដោយរដ្ឋាភិបាលមានការចំហរ ចំពោះបំណងនៃសិក្សាវិនិយោគបូមប្រេងនេះ។ តែយ៉ាងណាលោកបញ្ជាក់ថា នៅក្នុងប្លុក A សក្តានុពលនៃការទាញយកប្រេងអាចនឹងមានទំហំតូច។
ជាមួយគ្នានេះឯកឧត្ដមបានឱ្យដឹងផងដែរថា ក្រោយការបែងផល ពីការលក់ប្រេងឆៅជិត ៣០ម៉ឺនប៉ារ៉ែលដែលបូមចេញពីសមុទ្រកម្ពុជានៅប្លុក A ហើយត្រូវបានកប៉ាល់ដឹកប្រេងឈ្មោះ MT Strovolos លួចដឹកទៅនោះ កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារអាមេរិក។
ឯកឧត្ដមបានឱ្យដឹងថា ប្រេងឆៅសរុបជិត ៣០ម៉ឺនបារ៉ែល ដែលបូមពីអណ្តូងប្រេងរបស់កម្ពុជាលក់ បានជាង ២៥លានដុល្លារ ក្នុងនោះកម្ពុជាទទួលបានចំណែកជាងពាក់កណ្តាល ក្រោយដោះស្រាយគ្នារួច។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួន ស្ថិតនៅតំបន់ប្លុក A ក្នុងដែនសមុទ្រកម្ពុជា ដែលក្រុមហ៊ុន Kris Energy របស់សិង្ហបុរី បានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។ អ្វីដែលគួរឲ្យសោកស្តាយនោះ បរិមាណប្រេងកាត ដែលបូមចេញពីអណ្តូងទាំង៥ នៃតំបន់អប្សរា ក្នុងប្លុក A មានបរិមាណតិចខុសពីការរំពឹងទុក ខណៈក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធន ព្រោះតែមិនអាចស្រោចស្រង់ នូវបញ្ហាបំណុលរបស់ខ្លួនបាន៕