រដ្ឋមន្ដ្រីក្រសួងរ៉ែ៖ កម្ពុជាចម្រាញ់រ៉ែមាសបានជិត ៩ពាន់គីឡូក្រាម ទទួលចំណូលពីសួយសារជាង ១៤.៤លានដុល្លារ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា កម្ពុជាចម្រាញ់រ៉ែមាសបានជិត ៩ពាន់គីឡូក្រាម និងទទួលចំណូលពីសួយសារជាង១៤.៤លានដុល្លារ។
ឯកឧត្ដមរដ្ឋមន្ដ្រីបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាផលិតបានដុំមាស ចំនួន១ ០៤០ដុំ ស្មើនឹងជាង ៨ ៩៧៩គីឡូក្រាម និងទទួលបានចំណូលពីសួយសារចំនួនជាង ១៤.៤លានដុល្លារ។
បន្ថែមពីនោះទៀត រដ្ឋមន្ដ្រី កែវ រតនៈ បានឲ្យដឹងថា គិតមកដល់ពេលនេះ ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុមហ៊ុនសរុបចំនួន៩ ខណៈក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំការដ្ឋានអាជីវកម្ម៕