សម្តេចធិបតី អរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលបានបោះឆ្នោត និងគាំទ្រគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលបាននាំគ្នាចេញទៅបោះឆ្នោត ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាភ្លូកទឹកភ្លូកដី។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការជ្រើសរើសនូវអ្នកដឹកនាំរាជរដ្ឋាភិបាលដើម្បីបម្រើប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាងតំណាងរាស្ត្រអាណត្តិទី៧ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងមានចំនួនច្រើកុះករ ភ្លូកទឹកភ្លូកដី បានទៅបំពេញកាតព្វកិច្ចខ្លួនតាមរយៈការបោះឆ្នោតកន្លងទៅនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋរហូតដល់ជាង ៨៧,៣១ភាគរយ បានចេញទៅបោះឆ្នោត ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧។ សម្តេចថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះឆ្នោតភ្លូកទឹកភ្លូកដី គឺជាកត្តាសំខាន់ដែលអាចធ្វើឲ្យរាជរដ្ឋាភិបាលអាណត្តិទី៧ បន្តបម្រើប្រជាពលរដ្ឋតទៅទៀត ៕