បិទបញ្ចប់សិក្ខាសាលាផ្ទៀងផ្ទាត់លើលទ្ធផលរកឃើញបឋម នៃការវាយតម្លៃវាស់វែងឱកាសរបស់ស្រ្តីក្នុងប្រតិបត្តិការរក្សាសន្តិភាព អ.ស.ប
ភ្នំពេញ៖ សិក្ខាសាលាផ្ទៀងផ្ទាត់លើ លទ្ធផលរកឃើញបឋមនៃការវាយតម្លៃវាស់វែងឱកាសរបស់ស្រ្តីក្នុងប្រតិបត្តិការរក្សាសន្តិភាព អ.ស.ប (MOWIP) ដែលធ្វើនៅឡើងនៅកម្ពុជា រយៈពេល៣ថ្ងៃ ពោលគឺថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបិទបញ្ចប់។
ពិធីបិទបញ្ចប់សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោកស្រី Ruangkhao Ryce Chan Chai ប្រធានកម្មវិធីអភិបាលកិច្ចសន្តិភាព និងសន្តិសុខអាស៊ាន នៃភ្នាក់ងារសហប្រជាជាតិ UN Women, លោកស្រីបណ្ឌិត Emma Leslie ប្រធានអង្គការមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់។
ប្រធានកម្មវិធីអភិបាលកិច្ចសន្តិភាព និងសន្តិសុខអាស៊ាន នៃភ្នាក់ងារសហប្រជាជាតិ UN Women បានថ្លែងថា សិក្ខាសាលានេះបានឆ្លុះបញ្ចាំងពីកិច្ចពិភាក្សាយ៉ាងសកម្មពីអ្នកចូលរួម ជាពិសេសពីយោធិននារីដែលចូលរួម ក្នុងបេសកកម្មកសាងសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះដើម្បីប្រមូលធាតុចូលនិងពត៌មានបន្ថែមដាក់ បញ្ចូលក្នុងរបាយការណ៍សិក្សាស្រាវជ្រាវឱ្យកាន់តែមានគុណភាព។
លោកស្រីបានគូសបញ្ជាក់ពីកិច្ចសហការយ៉ាងល្អរវាង ភ្នាក់ងារសហប្រជាជាតិ UN Women ជាមួយនឹងមជ្ឈមណ្ខលជាតិរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម និង អង្គការមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាល កសាងសន្តិភាព និងដោះស្រាយទំនាស់ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីសាកលវិទ្យាល័យខរណែល (Cornell University) តាមរយៈមូលនិធិគំនិតផ្តួចផ្តើមអ៊ែលស៊ី (Elsie Initiative Fund)។
លោកស្រីបានលើកឡើងពីចំណាប់អារម្មណ៍របស់សមាគមអាស៊ាន ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការកសាងសន្តិភាពប្រកបដោយអត្ថន័យ។
លោកស្រីបណ្ឌិត Emma Leslie ប្រធានអង្គការមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ បានលើកឡើងពីសាវតាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបានឆ្លងកាត់ទាំងរបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិល ពីប្រទេសដែលធ្លាប់បានទទួលជំនួយពីភ្នាក់ងារសហប្រជាជាតិក្នុងការកសាងសន្តិភាព ប្រែក្លាយជាប្រទេសដែលបានចូលរួមក្នុងការជួយកសាងសន្តិភាព នៅបណ្តាប្រទេសមួយចំនួនៅអាហ្វ្រិក អឺរ៉ុប និងមជ្ឈិមបូព៌ា។
លោកស្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវនេះ សម្រាប់ដាក់បញ្ចូលសម្លេងស្ត្រីជាពិសេសយោធិននារី ដើម្បីបង្ហាញពីបទពិសោធល្អៗ និងបញ្ហាប្រឈមដែលពួកគេ បានជួបប្រទះក្នុងប្រតិបតិ្តការរក្សាសន្តិភាព។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជឿជាក់ថា សិក្ខាសាលានេះ ក៏បានបង្កើតនូវភាពស្និតស្នាល ភារតភាពរវាងក្រុមការងារមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាមួយអង្គការមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាល កសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) តំណាង UN Women និងមហាវិទ្យាល័យ Cornell សម្រាប់មេត្រីក្នុងការអនុវត្តនូវគម្រោងក្នុងដំណាក់កាលបន្តទៀត ជាពិសេស ការដាក់ចេញចំណុចអាទិភាព ក្នុងទិសដៅពង្រឹង និង ពង្រីកកម្លាំងស្រ្តី ក្នុងកងយោធពលខេមរភូមិន្ទ នឹងជួយបង្កើនសន្ទុះ និងធានានូវនិរន្តភាពនៃចំនួនស្រ្តីកម្ពុជា ស្របតាមការដាក់ចេញ «សកម្មភាពដើម្បីការរក្សាសន្តិភាពបូក» ដែលជាគំនិតផ្តួចផ្តើមរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ៕